Friday, July 29, 2016

ទំលាប់​ឱន​ចុច​ទូរស័ព្ទ ផ្តល់​ផល​ប៉ះ​ពាល់​ខ្លាំង​ទៅ​ដល់​ឆ្អឹងខ្នង

ទំលាប់​ឱន​ចុច​ទូរស័ព្ទ ផ្តល់​ផល​ប៉ះ​ពាល់​ខ្លាំង​ទៅ​ដល់​ឆ្អឹងខ្នង ឆ្អឹងខ្នង គឺជាផ្នែកដ៏សំខាន់មួយ នៃរាងកាយ របស់មនុស្ស ដែលវាប្រៀបបាន ដូចជា សសរគ្រឹះ ដែលទប់រាងកាយ អោយមាន លំនឹង និងមានភាព មាំមួនអញ្ជឹង។ នៅក្នុងវ័យ កុមារភាព អ្នកទាំង អស់គ្នា ប្រាកដជាធ្លាប់ បានលឺនូវពាក្យ ព្រានប្រដៅ ក្នុងការ ដេក ដើរ ឈរ អង្គុយ ត្រូវធ្វើខ្លួន អោយត្រង់ ព្រោះអីវានឹង ជួយអោយ​ ឆ្អឹងខ្នង របស់យើង អាចរីក លូតលាស់ បានល្អ មិនមានបញ្ហា ក៏ប៉ុន្តែ បច្ចុប្បន្ននេះ មិនមានមនុស្ស ច្រើនទេដែល ខ្វល់ខ្វាយអំពី បញ្ហាឥរិយាបថ នេះទៀត។ ចាប់តាំងពី ស្មាតហ្វូន បានជ្រៀត ចូល ក្នុងជីវិត មនុស្សមក អ្នកប្រើប្រាស់ តែងតែ ឱនក្បាលចុច ប្រើប្រាស់ទូរស័ព្ទ ជានិច្ច ជាកាល ដោយមិនបាន ចាប់អារម្មណ៍ ថាវាអាច ប៉ះពាល់ ដល់ឆ្អឹងខ្នង នោះទេ។ តាមរយៈការសិក្សា ពីមន្ទីរពិសោធន៍ Surgical Technology International បានអោយ ដឹងថា មនុស្សសម័យនេះ ភាគច្រើន សុទ្ធតែ មានទំលាប់ ប្រើប្រាស់ទូរស័ព្ទ ដោយឱន ចុះក្រោមបណ្តើរ ចុចបណ្តើរ ដែលវា នឹងផ្តល់ ផលប៉ះពាល់ខ្លាំង ទៅដល់ ឆ្អឹងខ្នង របស់យើង។ ប្រសិនបើយើង ​ឱនចុះឱក្រោម ក្នុងកម្រិតមុំ 15 ដឺក្រេ វាប្រៀបបាន ស្មើនឹងកម្លាំង សង្កត់ 12 គីឡូត្រង់ផ្នែក​ កញ្ចឹងក ហើយបើយើង ឱនចុះក្រោម ដល់កម្រិតមុំ 60 ដឺក្រេវិញ គឺវាស្មើកម្លាំង សង្កត់ដល់ទៅ 27 គីឡូក្រាម ឯណោះ។ ជាទូទៅ ក្បាលរបស់ មនុស្ស ពេញវ័យ មានទំងន់ ប្រហែល 10 គីឡូក្រាម បាត់ទៅហើយ ក៏ប៉ុន្តែប្រសិន បើយើង ធ្វើការ ​ឱនចុច ទូរស័ព្ទទៀតនោះ កញ្ចឹងក របស់យើង នឹងទទួលសម្ពាធ សង្កត់ កាន់តែ ធ្ងន់ថែម មួយកម្រិតទៀត។ ផលប៉ះពាល់នោះគឺមានច្រើន មិនមែន ត្រឹមតែ រោយកញ្ចឹងក ចុកខ្នង និងមិន អាចសម្រាន្ត​ បានលក់ស្រួល តែប៉ុណ្ណោះទេ​ ក៏ប៉ុន្តែ វាក៏នឹង ធ្វើអោយ សាច់ដុំយើង មានភាព ចុករោយ រាងកាយ អាចខូចទ្រង់ទ្រាយ និងមិនអាច លូតលាស់ បានល្អថែម ទៀតផង (សម្រាប់វ័យ លូតលាស់)។ ប្រសិនបើ យើង មានទំលាប់ បែបនេះយូរ នៅពេល ខាងមុខ 5 ទៅ 10 ឆ្នាំទៀត យើងនឹង ប្រឈមមុខ នឹងអាការៈ ជាច្រើនទៀត ដូចជា រលាកឆ្អឹងខ្នង ជាដើម។ ប្រសិនបើយើង ធ្វើការផ្លាស់ប្តូរ ទម្លាប់ចុចទូរស័ព្ទ ចាប់ពីពេលនេះ ឆ្អឹងខ្នង របស់យើង ពិតជាអាច មានភាពប្រក្រតី ដូចធម្មជាតិ វិញបាន ហើយយើង ក៏គប្បី ឧស្សាហ៍ធ្វើ លំហាត់ប្រាណ អោយបាន ទៀងទាត់ និងទទួលទាន អាហារដែល សំបូរទៅដោយ សារធាតុ ម៉ាញ៉េស្យូម កាល់ស្យូម សារធាតុរ៉ែ ដែលជំនួយ ដល់ឆ្អឹង ជាដើម។

0 comments:

Post a Comment